គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពីនវានុវត្តន៍ទៅកាន់ការកសាងឡើងវិញៈ មេរៀនពីដំណើរជីវិតរបស់សហគ្រិនខ្មែរម្នាក់

កាលបរិច្ឆេទ: ១៧ កញ្ញា ២០២៦ / កសិកម្ម / Author : ATH Sokren

កាល​ពី​ចុង​ខែសីហា​ កន្លង​ទៅ​លោក​ឧកញ៉ាឱសថបណ្ឌិត​ ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​-សហគ្រាស​ PPM-Confirel ត្រូវ​បាន​អញ្ជើញ​ទៅធ្វើ​វិគ្មិន​ក្នុង​សិក្សាសាលា​ស្តីអំពី៖ «មេរៀនពីដំណើរជីវិត​របស់ស្ថាបនិកខ្មែរ​ម្នាក់ៈ ផ្តើម​ចេញ​ពីការច្នៃប្រឌិតទៅ​កាន់​ការកសាងឡើងវិញ» (From innovation to recontructrion lesson from a founder's jouney) ដែល​រៀប​ចំឡើង​ដោយ​សាកលវិទ្យាល័យពាណិជ្ជកម្មអេស៊ីលីដា។

នៅ​ចំពោះមុខ​និស្សិត​ប្រុស-ស្រី​ជាង​បីរយនាក់ លោក​ឱសថបណ្ឌិត​ហៃ លីអ៊ាង​ បាន​រំលឹក​ពី​ប្រវត្តិសាស្រ្ត​ខ្លះ​ៗ​របស់​ប្រទេស​កម្ពុជា​ ផ្តើម​ចេញ​ពីសម័យ​អាណានិគមបារាំង សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​ពី​ឆ្នាំ ១៩៧០ ដល់ ១៩៧៩ និង​ការ​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​របស់​លោក​ក្នុង​ទសវត្សរ៍ ៩០ ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ពីរឿង​រាវ​របស់​ប្រទេស​ខ្លួន។​

​លោក​ឱសថបណ្ឌិត​ហៃ លីអ៊ាង​បាន​បញ្ជាក់​នៅ​ចំពោះមុខ​និស្សិត​វ័យ​ក្មេង​ទាំង​បីរយនាក់​ថា វត្តមាន​របស់​ប៉េប៉េអឹម​នាពេល​បច្ចុប្បន្នមិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ លោក​បញ្ជាក់​ថា ដើម្បី​ជួយ​ស្តារ​ឡើង​វិញនូវ​ឯក​រាជ្យ​ភាព​ផ្នែក​ឱសថ​សម្រាប់​ប្រទេស​កម្ពុជា​ លោក​បាន​វិល​ត្រលប់មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៩២ ក្នុងពេល​ដែល​ប្រទេសជាតិ​កំពុង​​ជួបនូវ​​ទណ្ឌកម្មសេដ្ឋកិច្ច​ពីប្រទេស​មហាអំណាច​ ប្រជា​ពលរដ្ឋខ្មែរ​ចេញ​ពី​សង្គ្រាម​ខ្វះខាត​ សព្វបែប​យ៉ាង។ ក្នុង​ចំណុច​នេះ លោក​បាន​ព្យាយាម​ប្រមូល​ថ្នាំពីបរទេស​យក​មក​ជួយ​ប្រជាពលរដ្ឋខ្មែរ​តាម​រយៈ​អង្គការ​មនុស្សធម៌អស់​ជាច្រើន​ឆ្នាំ តែស្រប​ពេល​នឹង​តម្រូវ​ការ​ឱសថ​​កាន់​តែ​ខ្ពស់ និង​ឱកាស​មក​ដល់​ លោក​បាន​រៀប​ចំ​បង្កើត​សហគ្រាស​ផលិត​ឱសថប៉េប៉េអឹម​កាល​ពី​ឆ្នាំ​ ១៩៩៦ ដោយ​ប្រមែប្រមូល​ធន​ធាន​មនុស្ស​ដែល​លោក​ស្គាល់​ និង​នៅ​សេសសល់​ពី​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។​

គុណភាព ប្រសិទ្ធ​ភាព​ និង​ផលិត​ផលឱសថដែល​មាន​តម្លៃ​សមរម្យ​បាន​ធ្វើ​ឱ្យ​ផលិតផលប៉េប៉េអឹម​ហក់​ចូលទៅ​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​ដោយ​ផ្តើមចេញ​ពី​ប្រទេស​ ហ្គីណេ​នៅ​ឆ្នាំ​២០០០ ហើយ​បន្តបន្ទាប់​ប៉េប៉េអឹម​បាន​ចាប់​យក​ចំណែក​ទីផ្សារ​នៃ​បណ្តាប្រទេស​អាហ្វ្រិក​និយាយ​ភាសាបារាំង​ដែល​បច្ចុប្បន្នមាន​រហូត​ដល់​១៨ ប្រទេស​ ហើយ​សព្វថ្ងៃនេះ ផលិតផលឱសថ​របស់​

ប៉េប៉េអឹម​បាន​ឈរ​នៅ​លំដាប់ Top 10 ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​ជា​ង​ ៦០០ នៅ​ប្រទេស​អាហ្វ្រិក។​

លោក​ឱសថ​បណ្ឌិតហៃ លីអ៊ាង​បាន​គូសបញ្ជាក់​ថា៖ «កាល​ពីឆ្នាំ​១៩៩៦ ចេញ​ពីចំណេះ​ដឹង​ដែល​យើង​មាន​ ជាមួយនឹង​ទិសដៅ​ច្បាស់​លាស់​ក្នុង​គោល​បំណង​ផ្តល់​នូវ​ឯករាជ្យ​ភាព​ផ្នែក​ឱសថ​ដល់​ប្រទេស​កម្ពុជា យើង​បាន​ផលិត​នូវ​ផលិត​ផលឱសថ​ដែល​មាន​ការ​ទទួលស្គាល់​ មិនមែន​សម្រាប់​តែ​ប្រទេស​កម្ពុជា​ទេ តែក៏​សម្រាប់​បណ្តាប្រទេ​ស​អាហ្វ្រិក​ដែល​មាន​ស្ថាន​ភាព​ប្រហាក់​ប្រហែល​នឹង​ប្រទេស​កម្ពុជា​ផង​ដែរ។ ជោគ​ជ័យនេះ បង្ហាញ​ថា យើង​អាច​ធ្វើបាន​។ យើង​អាច​សហការ​ជាមួយ​គេ​បាន​ ហើយ​នេះ ជាមោទនភាព​របស់យើង​ និង​ប្រទេស​យើង​ថាយើង​អាច​ធ្វើ​បាន»។

លោក​ឱសថ​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា ការ​ឈរ​ជើងយ៉ាងរឹង​មាំ​របស់​ប៉េប៉េអឹម​ក្នុ​ង​រយៈពេល​ ៣០ ឆ្នាំ ជា​មេរៀនតម្រង់​ទិស​ដែលមិន​អាច​ប្រកែក​បាន​ថា ប៉េប៉េអឹម​កំពុង​តែដើរ​លើផ្លូវ​ត្រឹមត្រូវ​ដែល​ខ្លួន​បាន​ជ្រើសរើស ជាមួយ​នឹង​ចក្ខុវិស័យ​ច្បាស់លាស់​សម្រាប់​អាជីវកម្ម​របស់​ខ្លួន។​
បន្ទាប់​ពី​រៀប​រាប់​ពី​ជា​​ផ្លូវ​ដ៏វែង​ឆ្ងាយ​របស់​ប៉េប៉េអឹម លោក​ឱសថបណ្ឌិត​ហៃ លីអ៊ាង ក៏​បាន​រំលេចផងដែរ​​ពី​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​វិល​ជុំ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាពដែល​លោក​បាន​អនុវត្តអស់​ ២៥ ឆ្នាំ ដោយ​ជោគ​ជ័យ ជា​មួយ​នឹង​ក្រុមហ៊ុន​ខនហ្វីរេល​ ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​កសិ-អាហារ​ចេញ​ពី​ទី​ជន​បទ ដើម្បីចូលរួម​ផ្តល់​នូវ​តម្លៃ​បន្ថែមដល់​ផលិត​ផល​កសិករ​ខ្មែរ និង​លើក​កម្ពស់​ជីវភាព​ ​សេដ្ឋកិច្ច និង​កាត់បន្ថយ​គម្លាត់​រវាង​ទីក្រុង​ និង​ជន​បទ។​​

ក្នុង​ចំណុច​នេះ លោក​ផ្តោត​ជា​សំខាន់​ទៅ​លើ​គំនិត​ច្នៃ​ប្រឌិត​ ឬនវានុវត្តន៍សម្រាប់​គ្រប់ផលិត​ផល។​ នៅ​ឆ្នាំ​ ២០០១ ខនហ្វីរេល​បាន​ចាប់​ផ្តើម​អាជី​វកម្ម​កែច្នៃ​ផលិត​ផល​ស្ករ​ត្នោត​ ដែល​ជា​ផលិត​ផលដូន​តា​ និង​ជា​អត្ត​សញ្ញាណ​ជាតិ​។ បួន​ឆ្នាំ​ក្រោម​មក​ ផលិត​ផល​ស្ករត្នោត​ខនហ្វីរេល​ទទួល​បាន​ពានរង្វាន់​ត្នោត​មាស​ក្នុង​ពិព័រណ៍​អន្តរ​ជាតិ​ Nat-Expo 2005 នៅ​ប្រទេស​បារាំង។ បន្ទាប់​មក​ខនហ្វីរេល​បាន​ដាំដុះ​ និងកែច្នៃ​ម្រេច​កំពត​ដៃ​ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា​ ដែល​ទទួល​បាន​វិញ្ញាបណ្ណបត្រ​ជា​ផលិត​ផល​សម្គាល់​ភូមិសាស្រ្ត​ពី​សហភាព​អឺ​រ៉ុប​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ឱ្យ​តម្លៃ​ពី​អន្តរ​ជាតិ​ ហើយ​ចុង​ក្រោយ​នេះ ខនហ្វីរេល​បាន​កែច្នៃ​ផលិ​ត​ផល​ប្រហុក​ដូន​តា ឱ្យ​ក្លាយ​ជា​ប្រហុក​ម្សៅ​ទំនើប និង​ទទួល​​បាន​កម្មសិទ្ធិបញ្ញ​អន្តរជាតិ​ទៀត​ផង​។​

លោក​ឱសថបណ្ឌិត​ហៃ លីអ៊ាង​បាន​បញ្ជាក់ថា៖ «ដើមកំណើត​​ដែល​ធ្វើ​ឱ្យ​យើងពង្រីក​ផលិត​កម្ម​កែច្នៃ ដូច​ជាត្នោត ម្រេច​កំពត​ ប្រហុក និង​ផលិត​ផល​ផ្សេងៗ​ទៀ​ត​ ព្រោះ​ពិភពលោក​គេ​ទទួល​ស្គាល់យើង​ ដូច​ជាចិន ជប៉ុន កូរ៉េខាង​ត្បូង​ អូស្ត្រាលី ...ជាដើម។ ដូច្នេះ​ទីផ្សារ​មាន​ហើយ​ យើង​នៅ​តែ​ធ្វើ​យ៉ាងម៉េច​ឱ្យ​មាន​ភាព​រលូន​រវាង​ពី​ផលិត​កម្ម​ទៅ​កាន់​ទីផ្សារ។ អ៊ីចឹង​តួនាទី​របស់​ក្មួយ​ៗ​នៅ​ទី​នេះ​ដែល​សុទ្ធសឹង​ជា​អ្នក​ជំនាញ​ Business ត្រូវ​ជំរុញ​ធ្វើ​ម៉េច​ឱ្យ​រីកចម្រើន​ គេ​ស្គាល់​ផលិត​ផលយើង​ ព្រោះ​ថា សព្វ​ថ្ងៃ​បរទេស​គេ​ស្គាល់​ខនហ្វីរេល​តាម​រយៈផលិត​ផល​កែច្នៃ​របស់​យើង​ ស្គាល់​អត្តសញ្ញាណ វប្បធម៌​ ប្រវត្តិសាស្រ្ត​ និង​ការ​ច្នៃប្រឌិត​របស់​យើង ហើយ​អ្វី​ៗ​ទាំងនេះបាន​​នាំមក​នូវ​ផលប្រយោជន៍យ៉ាង​ច្រើន​​សម្រាប់​ប្រជាជន​ និង​ប្រទេស​ជាតិ​របស់​យើង​ទាំង​អស់គ្នា»។ ​​

បន្ទាប់​ពីបញ្ចាប់​បាឋកថា និង​ឆ្លើយ​សំណួរ​ជា​ច្រើន​របស់​និស្សិតដែល​បាន​ចូលរួម​ លោក​ឧកញ៉ាឱសថបណ្ឌិត​ហៃ លីអ៊ាង​ បាន​ផ្តាំ​ផ្ញើ​ឱ្យ​យុវជន​ជំនាន់ក្រោយ​ទាំង​អស់​ថា តាម​រយៈអ្វី​ដែល​

លោក​បាន​សរសេរ​ទុកក្នុង​សៀវ​ភៅ​ទាំងពីររបស់​លោកគឺ «ចករសាត់​កាត់​ព្យុះកម្ពុជា» និង​សៀវ​ភៅ​ «ពន្លឺថ្មី​លើដែន​ដីចាស់» ដែល​ទើប​បោះ​ពុម្ព​ផ្សាយ​ បូក​រួម​ទាំង​ចំណេះ​ដឹង​បែប​វិទ្យាសាស្រ្ត ត្រូវ​យក​ទៅ​អនុវត្ត​ជាក់​ស្តែង​ដើម្បី​ធ្វើ​ឱ្យចេញ​ជា​លទ្ធផល​។ លោក​បាន​សង្កាត់ធ្ងន់ថា៖ «លុយ​ពុំ​មែន​ធ្លាក់​ពី​លើមេឃ​ ឬទៅ​យក​ពីអ្នក​នេះ ឬអ្នក​នោះ​ នោះ​ទេ។ លុយ​គឺ​កើត​ចេញ​ពីផលិត​ផលមួយ​ ហើយ​ក្នុងតម្លៃ​​មួយ​ដុល្លារនេះ យើង​ត្រូវ​ដឹង​ថា វាចេញ​មក​ពី​ណា? ​វា​បាន​បង្កើត​អ្វីខ្លះ?​ គឺវាមាន Cycle របស់​វា ហើយនេះ​ជា​សេចក្តី​ផ្តាំ​ផ្ញើ​របស់​ពូ ថាដូន​តា​របស់យើង​បាន​ទុក​ឱ្យ​យើង​នូវ​មរតក​ច្រើន​ណាស់ យើង​ត្រូវ​តែចូល​រួម​ថែរក្សា​ និង​ពង្រីក​បន្ថែម»៕